រដ្ឋាភិបាលចិនផ្តល់ជំនួយ ៤.៤ លានដុល្លារ គាំទ្រការលុបបំបាត់គ្រាប់មីននៅកម្ពុជា
ភ្នំពេញ, ៥ កុម្ភៈ ២០២៥ – រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយឥតសំណងចំនួន ៤.៤ លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រការងារលុបបំបាត់គ្រាប់មីនរបស់អង្គភាព CMAC។ ជំនួយនេះស្ថិតនៅក្រោម "គម្រោងជំនួយចិន លុបបំបាត់គ្រាប់មីននៅកម្ពុជា" ហើយនឹងអនុវត្តនៅលើរយៈពេល ១២ ខែ (១ មីនា ២០២៥ - ២៨ កុម្ភៈ ២០២៦)។
គម្រោងនេះនឹងគាំទ្រកិច្ចប្រតិបត្តិការនៅ ៧ ខេត្ត រួមមាន កំពង់ធំ, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ ព្រមទាំង មណ្ឌលសុនខនៅខេត្តកំពង់ឆ្នាំង។ អ្នកជំនាញបច្ចេកទេសជាង ៤០០ នាក់ នឹងចូលរួមអនុវត្តបេសកកម្មសំខាន់ៗចំនួន ៤ រួមមាន៖
1. បោសសម្អាតផ្ទៃដី ចំនួនជាង ៣.៤០០ ហិកតា ដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ។
2. ស្រាវជ្រាវ ព័ត៌មានអំពីគ្រាប់មីន, UXO និងគ្រាប់បែកចង្កោម។
3. ពង្រឹងសមត្ថភាព វិទ្យាស្ថានបច្ចេកទេសសុនខ។
4. ពង្រឹងការអប់រំ អំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងការសង្គ្រោះជនពិការដោយសារគ្រាប់មីន។
ជំនួយនេះគឺជាឆ្នាំទី ៣ នៃដំណាក់កាលទី ៣ (មីនា ២០២៣ - កុម្ភៈ ២០២៦) ដែលមានថវិកាសរុបចំនួន ១៣.២ លានដុល្លារ។
លទ្ធផលសំខាន់ៗចាប់ពីឆ្នាំ ២០១៨ ដល់ ២០២៤
ត្រឹមខែធ្នូ ឆ្នាំ ២០២៤ អង្គភាព CMAC បានសម្រេចលទ្ធផលដូចខាងក្រោម៖
- រំដោះផ្ទៃដីសរុបចំនួនជាង១៥.០៦០ ហិកតា
- រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២.៨៤៤ គ្រាប់។
- ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦.៦៦៨ សំណើ។
- អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង១.៨៦៦.៧០០នាក់។
- ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២.៤៨៥.៣០០នាក់។