• អាទិត្យ ១០ ឧសភា ២០២៦ ២៣:៥១ ល្ងាច

សម្តេចធិបតីហ៊ុនម៉ាណែតក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យ មលើកទី1ថ្ងៃទី27ខែមិថុនាឆ្នាំ2024

ភ្នំពេញ÷សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមលើកទី1ថ្ងៃទី27ខែមិថុនាឆ្នាំ2024។

នៅក្នុងសារលិខិតរបស់សម្ដេចធិបតីបានគូសបញ្ជាក់ថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងខ្លួនខ្ញុំផ្ទាល់ខ្ញុំពិតជាមានក្តីសោមនស្សក្រៃលែងនិងសូមចូលរួមអបអរសាទរ"ទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមលើកទី1ឆ្នាំ2024"ក្រោមប្រធានបទ"ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូតូចនិងមធ្យមសម្រាប់កំណើនកាន់តែប្រសើរBetter MSMEs Ecosystem for Better Growth"។មហាសន្និបាតអង្គការសហប្រជាជាតិនិងបានបង្កើតទិវាសហគ្រាសធុនមីក្រូតូចនិងមធ្យម(MSMEs Day)ដោយកំណត់យកថ្ងៃទី27នៃខែមិថុនាជារៀងរាល់ឆ្នាំដើម្បីរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ 2030និងធានាបាននួវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងបរិស្ថានប្រកបដោយបរិយាបន្ននិងនិរន្តភាព។

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ15អនក្រ.បក.ចុះថ្ងៃទី29ខែមករាឆ្នាំ 2024កំណត់យកថ្ងៃទី27ខែមិថុនារៀងរាល់ឆ្នាំជាទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមដើម្បីលើកកម្ពស់និងផ្តល់តម្លៃដល់វិស័យនេះដែលជាមូលដ្ឋានគ្រឹះនិងកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។វិស័យនេះគ្របដណ្ដប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទនិងផ្តល់នូវអត្ថប្រយោជន៍ជូនប្រជាជននិងធុរជនគ្រប់រូបតាមរយៈការបង្កើតការងារមុខរបរបង្កើនប្រាក់ចំណូលកាត់បន្ថយចំណាកស្រុកជួយប្រជាជនងាយរងគ្រោះឲ្យមានលំនឹងជីវភាពជំរុញការអភិវឌ្ឍសេ
ដ្ឋកិច្ចស្ថិរភាពសង្គមនិងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិកន្លងមកក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវគោលនយោបាយផែនការយុទ្ធសាស្ត្រនិងវិធានការគាំទ្រនានាដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូតូចនិងមធ្យមដែលជាសក្ខីភាពបញ្ជាក់ឲ្យឃើញអំពីការផ្ដោតការយកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ចំពោះវិស័យនេះ។ទោះបីជួបបីបាននិងកំពុងប្រឈមក្នុងបរិការណ៍នៃការប្រកួតប្រជែងនៃការធ្វើពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌតំបន់និងសកលក៏
ដូចជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកក៏ដោយក៏សហគ្រាសធុនមីក្រូតូចនិងមធ្យមទាំងអស់បាននិងកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតការផ្គត់ផ្គង់និងការផ្តល់សេវាហើយកំពុងខិតខំអភិវឌ្ឍនិងវិវត្តខ្លួនឲ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗជាពិសេសគឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារលក្ខខណ្ឌតម្រូវផ្នែកបរិស្ថាននិងការវិវត្តនៃបច្ចេកវិទ្យា។

បច្ចុប្បន្ននេះសហគ្រាសធុនមីក្រូតូចនិងមធ្យមមានប្រមាណ90%លើមូលដ្ឋានផលិតកម្មអាជីវកម្មសរុបផ្តល់ការងារ60%ទៅ70%និងរួមចំណែក50%នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។នៅក្នុងក្របខណ្ឌអាស៊ានមានចំនួនសហគ្រាសសរុបប្រមាណ70លានមូលដ្ឋាន(ចន្លោះពី97,2%ទៅ99,9%)និងរួមចំណែកក្នុងរង្វង់44,8%នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាសមាជិកអាស៊ាន។យោងតាមរបាយការណ៍ថ្នាក់ជាតិស្ដីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ 2022 របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការកម្ពុជាមានសហគ្រាសធុនមីក្រូតូចនិងមធ្យមចំនួន753,670មូលដ្ឋានមានកម្លាំងពលកម្មសរុប2,980,569នាក់ក្នុងនោះស្ត្រីមាន1,841,362នាក់។លទ្ធផលជំរឿនបានបង្ហាញថាវិស័យសហគ្រាសធុនមីក្រូតូចនិងមធ្យមបានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ 63% និងផ្ដល់ការងារលើសពី70% (ដោយមិនរាប់បញ្ចូលវិស័កសិកម្ម)។

រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាមានឆន្ទៈនិងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តគោលនយោបាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូតូចនិងមធ្យមហើយបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងលើកម្ពស់គាំពារនិងពង្រឹងសមត្ថភាពក្នុងផលិតភាពនិងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងការជំរុញនិងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្រៅប្ព័ន្ធដើម្បីធានាឲ្យបាននូវភាពធន់ភាពប៉ាន់ប្រមាណបាននិងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ចពាណិជ្ជកម្មវិនិយោគនិងការប្រកបអាជីវកម្មមុខរបរនិងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

ការបន្តកសាងនិងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូតូចនិងមធ្យមគឺជាកិច្ចការអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំពុះពារនិងសូមលើកទឹកចិត្តឲ្យគ្រប់សហគ្រាសនិងតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្របេសកកម្មដ៏ពិសិដ្ឋនេះ។ប្រព័ន្ធអេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នាគាំទ្រគ្នាទៅវិញទៅមកប្រកបដោយសហថាមពលនិងបង្កើតនូវទំនុកចិត្តនិងភាពទា
ក់ទាញដល់ការបង្កើននិងការពង្រីកវិនិយោគបន្ថែម​។សហគ្រាសធុនមីក្រូតូចនិងមធ្យមនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចតទៅអនាគត។ហេតុនេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងពង្រីកការវិនិយោគសាធារណ:បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានាដែលបម្រើដល់ការអភិវឌ្ឍនៃវិស


ស៍យក៏ដូចជាពង្រឹងយន្តការស្ថាប័ននិងការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទប្រកបដោយនវានុវត្តន៍។ក្រសួងស្ថាប័ននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងបន្តខិតខំបង្កើនសមត្ថភាពនិងកែលម្អសេវាសាធារណ:របស់ខ្លួនឲ្យកាន់តែងាយស្រួលរហ័សនិងមានប្រសិទ្ធភាពហើយត្រូវបន្តធ្វើយ៉ាងណាឲ្យការផ្តល់សេវាឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ធុកិច្ចនិងរួមចំណែកបង្កើនភាពប្រកួតប្រជែ
ងរបស់កម្ពុជាក្នុងឆាកតំបន់និងអន្តរជាតិ។ជាការពិតវិស័យឯកជនមានតួនាទីគន្លឹះក្នុងការទ្រទ្រង់និងពង្រឹងប្រព័ន្ធអេកូឡូស៊ី។

រាជរដ្ឋាភិបាលសូមជំរុញនិងលើកទឹកចិត្តឲ្យវិស័យឯកជនបន្តរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពវិនិយោគលើការពង្រឹងស្តង់ដារនិងគុណភាពនៃផលិតផលនិងសេវាកម្មរបស់ខ្លួនបង្កើនផលិតភាពតាមរយ:ការបន្តបណ្តុះបណ្តាលបុគ្គលិកនិយោជិតនិងផ្ដល់នូវរបបសន្តិសុខសង្គមក៏ដូចជាការចាប់យកបច្ចេកវិទ្យានិងទំនើបកម្មខ្សែចង្វាក់ផលិតកម្មសេវាកម្មរបស់ខ្លួន។អនុលោមភាពនៃច្បាប់និងបទដ្ឋានគតិយុត្តនិងការកាន់បញ្ជីកាគណនេយ្យគួរត្រូវបានលើកតម្កើងនិងចាត់ទុកជាការវិនិយោគដែលនឹងទទួលផលត្រឡប់មកវិញចៀសវាងជាបន្ទុកនៃការធ្វើធុរកិច្ច។ក្នុងន័យនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះជាច្រើនរួមទាំងការអនុគ្រោះផ្នែកពន្ធដារដើម្បីគាំទ្រនិងលើកទឹកចិត្តដល់ការបំពេញអនុលោមភាពក្នុងគោលបំណងតែមួយគត់គឺដើម្បីសហគ្រាសទាំងអស់មានលទ្ធភាពក្នុងការឈានទៅទទួលបាននូវការទទួលស្គាល់មានទីផ្សារដែលមាននិរន្តរភាពនិងទទួលបានការគាំទ្រហិរញ្ញប្បទាននិងសេវាហិរញ្ញវត្ថុនានាសម្រាប់ការពង្រីកសក្តានុពលរបស់ខ្លួន។កម្មវិធីអភិវឌ្ឍន៍ជំនាញក៏ជាគន្លឹះមួយផងដែរ។

ការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមនេះបានបង្ហាញពីសមិទ្ធផលដ៏ធំធេងរបស់សហគ្រាសធុនមីក្រូតូចនិងមធ្យមក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមកប្រកបដោយសក្តិសិទ្ធភាពនិងបរិយាបន្ន។រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថាសហគ្រាសទាំងអស់នឹងបន្តជេះឥទ្ធិពលជាវិជ្ជមានបន្ថែមទៀតទៅថ្ងៃអនាគតនិងសូមឲ្យប្រធានបទនៃទិវាជាតិលើកទី1នេះក្លាយជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់រុញច្រានកិច្ចសហការការគាំទ្ររវាងគ្នានិងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមករវាងតួអង្គទាំងអស់នៃ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ក្នុងនាមរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នទាំងអស់ខ្ញុំសូមគាំទ្រនូវសកម្មភាពនិងវិធានការទាំងឡាយណាដែលនឹងពូនជ្រុំនិងជ្រោមជ្រែងឲ្យវិស័យនេះឲ្យកាន់តែរីកចម្រើនដើម្បីវិបុលភាពនៃប្រជាពលរដ្ឋគ្រប់ៗរូប។

ជាទីបញ្ចប់ខ្ញុំសូមអំពាវនាវឲ្យម្ចាស់សហគ្រាសធុនមីក្រូតូចនិងមធ្យមនិងភាគីពាក់ព័ន្ធទាំងអស់បន្តកិច្ចសហការគាំទ្រដល់ការដឹកនាំសម្របសម្រួលរបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីជំរុញវិស័យនេះឲ្យក្លាយទៅជាចខឿននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ខ្ញុំសូមជូនពរឱ្យទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមលើកទី1ឆ្នាំ2024ក្រោមប្រធានបទ"
ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូតូចនិងមធ្យមសម្រាប់កំណើនកាន់តែប្រសើរBetter MSMEs Ecosystem for Better Growth"នេះប្រាកដទៅប្រកបដោយរលូននិងជោគជ័យ។ខ្ញុំសូមជូន
ពរឯកឧត្តមលោកជំទាវលោកអ្នកឧកញ៉ាអ្នកឧកញ៉ាឧកញ៉ាលោកលោកស្រីនិងម្ចាស់សហគ្រាសកម្មករនិយោជិតទាំងអស់សូមប្រកបដោយពុទ្ធពរ5ប្រការគឺអាយុ វណ្ណ: សុខ: ពល:និងបដិភាណ:កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ